ខេត្តមណ្ឌលគិរី-ដោយ: ក. ឈុន លី
សកម្មភាពកាប់ឈើ និងអូសឈើចេញពីព្រៃដែនជម្រកសត្វព្រៃភ្នំព្រិចជារៀងរាល់ថ្ងៃចូលស្តុកទុកក្នុងដីសម្បទានរបស់ក្រុមហ៊ុន ថាច់ វូដ ស្ថិតនៅក្នុងទឹកដីស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានគេសង្ស័យថាកំពុងប្រព្រឹត្តអំពើល្មើសច្បាប់ (ត្រីងៀតឆ្លៀតពង) និងផ្ទុយពីគោលការណ៍ក្នុងសៀវភៅបន្ទុករបស់ក្រុមហ៊ុន។
សកម្មភាពរបស់ក្រុមហ៊ុន ថាច់វូដ បែបនេះត្រូវបានគេសង្កេតឃើញធ្វើសកម្មភាពយ៉ាងសកម្ម និងជាច្រើនថ្ងៃខែមកហើយ។ ជាមួយគ្នានេះ ជារៀងរាល់ថ្ងៃ ក្រុមហ៊ុននេះបានជួលប្រជាពលរដ្ឋឲ្យចូលទៅកាប់ព្រៃជិតឆ្ងាយនៅជុំវិញក្រុមហ៊ុន និងបានជួលត្រាក់ទ័របស់ប្រជាពលរដ្ឋអូសឈើចូលទៅទុកក្នុងដីសម្បទានរបស់ក្រុមហ៊ុនយ៉ាងប្រញាប់ប្រញាល់។ ដើម្បីបង្គរទុកសម្រាប់កែច្នែតាមខ្នាតមុននឹងដឹកចេញបន្តដែលអាចនិយាយបានថា ស្ថិតក្រោមរូបភាពជាឈើចាស់របស់ដីសម្បទានរបស់ខ្លួន។
តាមប្រភពពីអ្នកកាប់ឈើ និងអ្នកស៊ីឈ្នួលដឹកឈើឲ្យក្រុមហ៊ុនមួយនេះ បានឲ្យដឹងថា ក្រុមហ៊ុនបានជួល និងផ្ដល់ត្រង់ស៊ីន័រឲ្យពួកគាត់ចូលកាប់ និងដឹកជញ្ជូនឈើចូលក្រុមហ៊ុនដោយផ្ដល់កម្រៃក្នុង ១ម៉ែត្រគូបតម្លៃ ១០$ ហើយក្នុង ១ថ្ងៃពួកគាត់អាចកាប់ និងប្រមូលឈើឲ្យក្រុមហ៊ុនបានប្រហែលជាង ១០ម៉ែត្រគូប។
ប្រភពពីអ្នកស៊ីឈ្នួលម្នាក់ (សុំមិនបញ្ចេញឈ្មោះ) បាននិយាយថា ក្រុមហ៊ុន ថាច់វូត បានឲ្យគាត់ទៅកាប់ប្រមូលឈើក្នុងព្រៃក្បែរៗក្រុមហ៊ុនរួចអូសចូលមកក្នុងដីសម្បទាន ក្រុមហ៊ុនដោយសេរី និងធានាចំពោះរូបគាត់ថាបើមានមន្ត្រីជំនាញណាមកបង្ក្រាប ទុកឲ្យក្រុមហ៊ុនជាអ្នកដោះស្រាយជូន។
លោក អ៊ុក វណ្ណសុភក្តិ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី បានលើកឡើងកាលពីល្ងាចម្សិលមិញថា លោកនឹងបញ្ជាឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យករណីនេះនៅថ្ងៃនេះ ថាតើក្រុមហ៊ុននោះ បានលួចដឹកឈើចូលពិតប្រាកដមែន ឬយ៉ាងណាដើម្បីចាត់វិធានការ។
លោកនាយខណ្ឌបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ថាច់វូត គឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម ប៉ុន្តែចំពោះការកាប់ព្រៃឈើក្រៅដែនក្រុមហ៊ុននោះគឺជាកាតព្វកិច្ចបង្ក្រាបរបស់មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំព្រិច ដោយមិនមែនជាដែនសមត្ថកិច្ចរបស់ខណ្ឌរដ្ឋបាលព្រៃឈើ ឬមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីនោះទេ។
លោក កែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យភ្នាក់ងារ គេហទំព័រ “ពុទ្ធិខ្មែរ” ដឹងថា ឈើដែរក្រុមហ៊ុនហ្នឹងបានកាប់គឺនៅក្នុងបរិវេណដីសម្បទានរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ បើសិនក្រុមហ៊ុនហានរំលោភចូលដល់តំបន់អភិរក្សរការពារ លោកក៏មិននៅស្ងៀមដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ គេហទំព័រ “ពុទ្ធិខ្មែរ” មិនអាចសុំការបំភ្លឺពី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានទេ ដោយសារលេខទូរស័ព្ទរបស់លោកមិនអាចទាក់ទងបានឡើយ បើទោះបីជាព្យាយាមទាក់ទង់ទៅលោកច្រើនដងក៏ដាយ៕