ខេត្តបាត់ដំបង-ដោយ: សុភ័ក្ត្រ
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយអាជ្ញាធរខេត្តបង្កើតព្រិត្តិការណ៍សង្ក្រាន្តក្នុងទ្រង់ទ្រាយដ៏ធំមួយឈ្មោះ “សង្ក្រាន្តបាត់ដំបង២០១៨” នៅក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះដែលមានរយៈពេល ៤ថ្ងៃនៅក្នុងទឹកដីក្រុងបាត់ដំបង។
នេះបើយោងតាមប្រសាសន៍ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ទទួលបន្ទុកខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានថ្លែងទៅកាន់អ្នកសារព័ត៌មាន និងសិស្សនិស្សិតរាប់រយនាក់ក្នុងកម្មវិធីសន្និសីទស្ដីពី “ព្រិត្តិការណ៍សង្ក្រាន្តបាត់ដំបង២០១៨” ដែលធ្វើឡើងនៅសាកលវិទ្យល័យបាត់ដំបង កាលពីព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។
ឯកឧត្តម ស សុខា បានបញ្ជាក់ថា ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងបានសហការជាមួយអាជ្ញាធរខេត្តដើម្បីរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំបំផុតនេះ ជាលើកដំបូងដែលមិនធ្លាប់បានធ្វើនាពេលកន្លងមកនៅក្នុងក្រុងបាត់ដំបង ដែលមានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ២០១៨ ដើម្បីទទួលទេវត្តាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២។
ឯកឧត្តម ស សុខា បានបន្តថាព្រិត្តិការណ៍ “សង្ក្រាន្តបាត់ដំបង២០១៨” នេះក៏ជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលទទូចសុំឲ្យខាង ស.ស.យ.ក និងអាជ្ញាធរខេត្តរៀបព្រិត្តិការណ៍នេះឡើង។ ព្រោះកន្លងមកពួកគាត់តែងលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ពេលទៅលេងអង្គរសង្ក្រាន្តម្ដងៗនៅខេត្តសៀមរាបដោយត្រូវធ្វើដំណើរឆ្ងាយ ហើយពិបាករកកន្លែងស្នាក់នៅព្រមទាំងទំនិញ ម្ហូបអាហារ និងកន្លែងស្នាក់នៅមានតំលៃខ្ពស់ទៀតផង។ ដូច្នេះហើយ ទើបឆ្នាំនេះ ស.ស.យ.ក សហការជាមួយអាជ្ញាធរខេត្តរៀបចំឲ្យមានព្រិត្តិការណ៍សង្ក្រាននេះឡើង។
ឯកឧត្តម ស សុខា បានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍នេះក៏ជាការប្រមូលផ្ដុំយុវជននៅតាមបណ្ដាស្រុកនានាក្នុងខេត្តនាំយកផលិតផល ម្ហូបអាហារ របស់ប្រចាំតំបន់ ឬរបស់តំណាងស្រុកខ្លួនមកដាក់តាំងក្នុងកម្មវិធី បង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកលេងកម្សាន្តឲ្យបានដឹង និងស្គាល់។ មិនត្រឹមតែប៉ុណ្ណោះ ព្រិត្តិការណ៍សង្ក្រាននេះក៏មានដាក់តាំងផ្លែម្នាស់ដ៏ធំកម្ពស់ ៥ម៉ែត្រ ដោយយកផ្លែម្នាស់ជាង ៤ពាន់ផ្លែមកផ្គុំចូលគ្នា និងផ្លែពោតកម្ពស់ ៥ម៉ែត្រដែលយកផ្លែពោតជិត ១ម៉ឺនផ្លែមកផ្គុំចូលគ្នាតែមួយ។
ជាមួយគ្នានេះ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងក៏បានឲ្យដឹងដែរថា ព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង២០១៨” នេះនឹងរៀបចំធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ មជ្ឍមណ្ឌលគរុកោសល្យភូមិភាគ និងនៅលើដងផ្លូវនានាក្បែររង្វង់មូលលោកតាដំបងគ្រញូងក្នុងក្រុងបាត់ដំបង។
លោក ស រដ្ឋា បានបន្តថា ក្រៅពីការដាក់តាំងផលិតផល ឬទំនិញផ្សេងៗនៅក្នុងពិធីនេះក៏មានការរៀបចំឲ្យលេងល្បែងប្រជាប្រិយនានាដែលជាប្រពៃណីខ្មែរ និងការប្រគុំតន្ត្រីដ៏ធំប្រចាំឆ្នាំដែលមានតារាចម្រៀងល្បីៗមកច្រៀង និងសម្ដែងជូនទស្សនាកំសាន្តផងដែរ។
សូមបញ្ជាក់ថា នៅក្នុងព្រិត្តិការណ៍ “សង្ក្រាន្តបាត់ដំបង២០១៨” គ្រោងនឹងចំណាយថវិកាប្រមាណចន្លោះពី ២០ ទៅ ២៥ម៉ឺនដុល្លារអាមេរិក ឬអាចបន្ថែមលើសពីនេះអាស្រ័យទៅតាមកម្មវិធីជាក់ស្ដែង និងរំពឹងថានឹងមានមនុស្សមកចូលរួមទស្សនាកម្សាន្តចន្លោះពី ១៥ម៉ឺន ទៅ ១៦ម៉ឺននាក់។