ខេត្តព្រះសីហនុ-ដោយ: ខៀវ ប៉ូឡូ
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រារព្ធពិធីសំណេះសំណាល និងហូបអាហារសាមគ្គីដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ” ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ពិធីនេះត្រូវបានរៀបចំឡើងនៅទីតាំងឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨។ ក្នុងពិធីដ៏មានអត្ថន័យនេះ មានវត្តអញ្ជើញចូលរួមពីភរិយាថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពទូទាំងខេត្តព្រះសីហនុ និងប្រជាពលរដ្ឋតាមសហគមន៍ចូលរួមប្រមាណជាង ១០០០នាក់។
លោកជំទាវ ប្រាក់ ចន្ទសុខា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា នារីគឺជាដៃគូក្នុងការជួយអភិវឌ្ឍន៍សង្គមជាតិយ៉ាងសំខាន់ និងមិនអាចខ្វះបានឡើយ។ ក្នុងនាមសមាគមនារីខេត្ត សូមអរគុណនិងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលបានលើកកម្ពស់ដល់នារីទាំងអស់ឱ្យមានភាពស្មើមុខស្មើមាត់ដូចបុរសដែរ។
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការជួបជុំរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ នាឱ្យកាសនេះ គឺជាការចូលរួមពិសាអាហារសាមគ្គីដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងនារីក្នុងខេត្តព្រះសីហនុ និងក៏ជាការអបអរសាទរទិវាសិទ្ធិនារី ៨មីនា។
ឯកឧត្តម អភិបាលខេត្ត បានគាំទ្រចំពោះការលើកឡើងរបស់ប្រធានសមាគមន៍នារី ដែលបានគាំទ្រដល់ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រក្នុងការលើកតម្កើងសិទ្ធិនារី ហើយនារីទទួលបានសិទ្ធិគ្រប់យ៉ាងដូចបុរសដែរ។ សព្វថ្ងៃនេះមាននារីមួយចំនួនបានក្លាយជាអ្នកដឹកនាំក្នុងជួររាជរដ្ឋាភិបាលតាមក្រសួង មន្ទីរ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងវិស័យឯកជនថែមទៀតផង។
ឯកឧត្តម យន្ត មីន បានស្នើឱ្យបងប្អូននារីទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនថែមទៀតដើម្បីទទួលបានឱកាសធ្វើជាអ្នកដឹកនាំឱ្យបានកាន់តែមានចំនួនច្រើនថែមទៀតស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងលើកទឹកចិត្ត និងយកចិត្តទុកដាក់។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម យន្ត មីន បានឆ្លើយតបនឹងសំណូមពរបងប្អូននៅតាមសហគមន៍ថានឹងពន្លឿនការដោះស្រាយវិវាទដីធ្លីនៅក្នុងខេត្តឱ្យបានលឿន និងតម្លាភាពបំផុតដើម្បីឈានទៅកាត់បន្ថយទំនាស់នេះឱ្យបានជាអតិបរមាក្នុងឆ្នាំ២០១៨នេះ។
ឯកឧត្តម យន្ត មីន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣ចំណុចគឺ÷
១-សូមឱ្យនាំគ្នាគោរពច្បាប់
២-ចូលរួមអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង ៩ចំណុចឲ្យបានល្អ។
៣-ត្រូវចេះចែករំលែកគ្នា រួមរស់ជាមួយគ្នាដោយសប្បាយរីករាយ៕