យ៉ាងហោច​ណាស់​អ្នកដំណើរ ៣៥​នាក់​បាន​រងរបួស​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៨ នេះ​

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​

​យ៉ាងហោច​ណាស់​អ្នកដំណើរ​ប្រមាណ​ជា ៣៥​នាក់​ដែល​ជា​កម្មករ​រោងចក្រ​បាន​រងរបួស​នា​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៨ ក្នុង​គ្រោះថ្នាក់​ចរាចរ​ឡាន​បុក​គ្នា​នៅលើ​ផ្លូវជាតិ​លេខ​៤ ដោយ​ឡាន ៥ គ្រឿង​បុក​បន្តកន្ទុយ​គ្នា ស្ថិតនៅក្នុង​ភូមិ​ពូ​ធឿង ឃុំ​បិត​ត្រា​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ២១០-២១១​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ទទួលបន្ទុក​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍​បានឱ្យដឹងថា មូលហេតុ​រថយន្ត​ម៉ាក HYUNDAI ពណ៌ ស ពាក់​ផ្លាកលេខ​ព្រះសីហនុ 3A-6175 ដឹក​ទឹកកក មាន​ទិសដៅ​ពី​ខេត្ត​កំពត ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ មុនពេល​កើតហេតុ បាន​ឈប់​ចាក់​ប្រេង​ហ្វ្រាំង ស្មាច់​ដែង រួច​បន្ត​ដំណើរ​ទៅមុខ លុះដល់​ចំណុច​កើតហេតុ បាន​បើក ឡើង​វ៉ា​ជែង​រថយន្ត​ដឹក​កម្មករ ពេល​ឃើញ​ឧបសគ្គ​មក​ពី​ខាង​មុខ ក៏​បាន​គេច​ចូល​មក​ស្តាំ​វិញ តែ​ហ្វ្រាំង​មិន​ស៊ី បាន​បុក​ពីក្រោយ​រថយន្ត ១​គ្រឿង​ម៉ាក SSANGYONG ពណ៌ ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AA-7657 បុក​បន្ត​រថយន្ត​ទី​២ ម៉ាក SSANGYONG ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ​2M-6306 បុក​បន្ត​រថយន្ត​ទី​៣ ម៉ាក SSANGYONG ពណ៌ លឿង ពាក់​ផ្លាកលេខ​ព្រះសីហនុ​2A-5786 បុក​បន្ត​រថយន្ត​ទី​៤ ម៉ាក SSANGYONG ពណ៌ ខៀវ ពាក់​ផ្លាកលេខ​ព្រះសីហនុ​2A-4594 ។​

​មន្ត្រី​នគរបាល​ដដែល​បាន​បញ្ជាក់បន្ថែម​ថា “​គ្រោះថ្នាក់​នេះ​បណ្ដាលឲ្យ​រងរបួសម​នុស្ស​ចំនួន ៣៥​នាក់ ស្រី ៣១​នាក់ (​ស្រាល ៣២​នាក់ ស្រី ៣​នាក់ ប៉ុន្ដែ​មិន​មាន​អ្នក​ស្លាប់​ទេ​) របួស​ធ្ងន់​បាក់​ជើង​ចំនួន ៣​នាក់ ស្រី​១​នាក់ អ្នករបួស​ទាំងអស់ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​ផ្សេងៗ​គ្នា​ក្នុង​ខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ន រថយន្ត​ចំនួន​៥​គ្រឿង​បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​”​។​

​ក្រោយពេល​កើតហេតុ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​អ្នករងគ្រោះ​ទាំងនោះ​នៅ​គ្រប់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ​៕

 

p180306b1 p180306b4 p180306b2 p180306b3 p180306b6 p180306b7