រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ បានត្រាស់បង្គាប់÷ “ផ្ទេរភារកិច្ចនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា អត្តលេខ ០០០១៨៣ ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ និងតែងតាំង ឯកឧត្តម ជា តារា ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ មានឋានៈស្មើ រដ្ឋមន្ត្រី”។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រាសាទព្រះវិហារ ក្នុងមុខងារជានាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ បានដឹកនាំអនុវត្តបទបញ្ជាដ៏មានប្រសិទ្ធភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារប្រាសាទព្រះវិហារដោយជោគជ័យទើបសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់សំណើថ្វាយព្រះមហាក្សត្រ ព្រះរាជទាននូវព្រះរាជក្រឹត្យតែងតាំងមុខងារជា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ មានឋានៈស្មើ រដ្ឋមន្ត្រី ជំនួស ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង ស៊ាន អតីតសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ៕