ខេត្តកណ្តាល-ដោយៈ សុភ័ក្ត្រ
នាព្រឹកថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ នៅសាលាស្រុកស្អាងមានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
សមាសភាពអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកស្អាង
រួមមានៈ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋសរុបចំនួន ១.២១០នាក់។
សូមបញ្ជាក់ថា អគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកស្អាង ត្រូវបានសាងសង់ឡើងទៅតាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ ពីបេតុងប្រកក្បឿងដែលមានទទឹង ១៤ម៉ែត្រ x ២០ម៉ែត្រ ដោយភ្ជាប់ជាមួយនូវបន្ទប់ទឹក និងបង្គន់ចំនួន០២ ដែលជាថវិកាគុណប្រយោជន៍ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តកណ្តាល និងប្រើប្រាស់ពេលវេលាសាងសង់អស់រយៈពេល ៤ខែ។
ក្នុងនោះការិយាល័យផ្តល់សេវាគ្របដណ្តប់លើ ១៤វិស័យស្មើនឹង ២៣២សេវា រួមមាន÷ នីត្យានុកូលកម្ម រដ្ឋបាល អត្រានុកូលដ្ឋាន ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលពុំទាន់ចុះបញ្ជី ការចាក់បំពេញអាចម៌ដី ពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែ និងថាមពល សំណង់ វប្បធម៌ និងវិចិត្រសិល្បៈ ទេសចរណ៍ អប់រំ យុវជន និងកីឡា សុខាភិបាល កសិកម្ម និងសាធារណការ និងដឹកជញ្ជូន។