រាជធានីភ្នំពេញ-ដោយៈ សុភ័ក្ត្រ
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ អ្នកឧកញ៉ា ហុង ពីវ បានប្រគល់ថវិកាជូនផ្ទាល់ដៃចំនួន ២.១៦៨.៨៨៨ដុល្លារអាមេរិកដល់ប្រធានមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា នៅឯមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់តែម្ដងសម្រាប់ឆ្នាំ២០១៨នេះ។
នេះជាលើកទី៣ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ ដែលគេស្គាល់គ្រប់ៗគ្នាថាជាឧកញ៉ាមួយរូបដែលមានចិត្តសប្បុរសនោះ និងក្រុមគ្រួសារបានបរិច្ចាគថវិកាដ៏ច្រើនជាងគេនៅកម្ពុជាដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពីឆ្នាំ២០១៦ បានបរិច្ចាគ ១លានដុល្លារអាមេរិក ឆ្នាំ២០១៧បានបរិច្ចាគ ២លានដុល្លារអាមេរិក និងឆ្នាំ២០១៨នេះ បានបរិច្ចាគថវិកាចំនួន ២.១៦៨.៨៨៨ដុល្លារអាមេរិកបន្ថែមទៀត។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាមានចំនួន ៥ទីតាំង ក្នុងនោះ ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្តសៀមរាប។ ក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលកុមារកម្ពុជាចាប់ពី១៦០០ ទៅ ២០០០នាក់ ដោយមិនគិតកំរៃសេវានោះទេ។
សូមបញ្ជាក់ថា មិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា និងក្រុមគ្រួសារ។
សូមរំលឹកថា កាលពីខែឧសភា ឆ្នាំ២០១៦ បានជួយឧត្ថម្ភថវិកា ៣៦ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយសាងសង់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថនៅរាជធានីភ្នំពេញ។ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ក្នុងឱកាសប្រារព្ធខួបលើកទី១៥៣ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមឆ្នាំ២០១៦នេះ បរិច្ចាគថវិកាដល់កាកបាទក្រហម ១លាន ២សែន ៨ម៉ឺនដុល្លារអាមេរិក។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ជួយឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារអាមេរិក ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន ៣៤៥ខ្នង។
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ចែកអង្គរសែនក្រអូប ៣៨០តោន តម្លៃជាង ២០ម៉ឺនដុល្លារអាមេរិកពីធនាគារស្រូវ ចែកជូនប្រជាពលរដ្ឋ និងបុគ្គលិក កម្មករ ក្នុងក្រុមហ៊ុន។
ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ដែលជាថ្ងៃខួបកំណើតកូនស្រីអ្នកឧកញ៉ា ហុង ពីវ បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្សខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី និងថ្វាយតង្វាយថវិកា ១០ម៉ឺនដុល្លារអាមេរិក និងអង្ករ ៦០០តោន តម្លៃជាង ៣២ម៉ឺនដុល្លារ ដើម្បីព្រះមហាក្សត្រយកទៅចែកជូនប្រជារាស្ត្រក្រីក្រ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ឧកញ៉ា ហុង ពីវ បានជួយនាំយកកុមារីពិការភ្នែកទាំងសងខាងម្នាក់ទៅព្យាបាលនៅក្នុងប្រទេសសិង្ហបុរីផងដែរ៕