រាជធានីភ្នំពេញ-ដោយៈ សុភ័ក្ត្រ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីរាជការ ៣រូប ជាទីប្រឹក្សាក្រសួងព័ត៌មាន មានស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។
យោងតាមព្រះរាជក្រឹត្យលេខ៦៥ ស.ណ ចុះថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា មន្ត្រីរាជការទាំង ៣រូបខាងលើរួមមាន÷ ឯកឧត្តម អ៊ុក កំពូល ឯកឧត្តម ងួន សុវណ្ណារិទ្ធ និង ឯកឧត្តម ជួន ចាន់ភារុណ ជាទីប្រឹក្សាក្រសួងព័ត៌មានមានឋានៈស្មើអនុរដ្ឋលេខាធិការ មន្ថែមលើមុខងារបច្ចុប្បន្ន ដោយមើលឃើញពីស្នាដៃដែលបានបំពេញជូនក្រសួងព័ត៌មាននាពេលកន្លងមក។
សូមបញ្ជាក់ថា ឯកឧត្តមទីប្រឹក្សាទាំង ៣រូបខាងលើ មានតួនាទីបច្ចុប្បន្នជាអគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន សោតទស្សន៍ នៃក្រសួងព័ត៌មាន៕