រាជធានីភ្នំពេញ-ដោយៈ សុភ័ក្ត្រ
ថ្លែងក្នុងពិធីចួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺន ៧ពាន់នាក់ នៅរោងចក្រតំបន់ព្រៃទា ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១កើត ខែមាឃ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ក្រើនរម្លឹកឡើងវិញនូវសារសំខាន់ៗចំនួន ៨ចំណុចជំរុញឲ្យក្រសួងពាក់ព័ន្ធត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ មានដូចខាងក្រោម÷
១-ត្រូវអនុវត្តប្រាក់ខែអប្បបរមា ១៧០ដុល្លារ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។
២-ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីរពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករ-កម្មការិនីរោងចក្រ រួមទាំងកីឡាករ-កីឡាការិនី ក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ត្រូវបានអនុវត្តដូចគ្នា។
៣-ត្រូវអនុវត្តចំពោះស្ត្រីមានផ្ទៃពោះ សម្រាលកូន ទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល ៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិសន្តិសុខសង្គម)។
៤-ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា ៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា ៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបានថវិកា ១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលទៀតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
៥-ត្រូវអនុវត្តចំពោះបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មការិនីមិនចាំបាច់បង់លុយទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួសវិញ ១០០%។
៦-អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករ ដែលនៅឆ្ងាយ និងមិនទាន់ទៅដល់ ឲ្យបានគ្រប់គ្រាន់ និងតម្លៃផ្ទះជួលដល់កម្មករ-កម្មការនី កុំឲ្យមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ នេះ។
៧-ត្រូវអនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ២០១៩ ទៅកម្មករ និងទទួលបានប្រាក់ចូលនិវត្តន៍។ ដូច្នេះ ក្នុងរយៈពេល ១ឆ្នាំ (២០១៨) ត្រូវត្រៀមរៀបចំឲ្យហើយដើម្បីដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩ នូវរបបសោធននិវត្តន៍នេះ។
៨-ត្រូវអនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដល់ពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូវច្បាប់នានា និងដើម្បីទទួលបាននូវលក្ខខណ្ឌការងារល្អប្រសើរ៕