រាជធានីភ្នំពេញ-ដោយៈ សុភ័ក្ត្រ
ទីតាំងអាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់4Fថ្មីក្នុងប្រទេសកម្ពុជា ដែលមហាជនកំពុងទន្ទឹងរង់ចាំចង់ដឹងព័ត៌មានលម្អិតនោះ ពេលនេះឯកសារបានទម្លាយមកហើយ។ អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់4Fថ្មីនេះ គ្រោងនឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២.៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី លេខ ១៣១៩ សជណ.ផក ចុះថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ផ្ញើជូន ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីស្នើសុំគោលការណ៍អនុញ្ញាតបង្កើតក្រុមហ៊ុន “ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ខូអិលធីឌី” (Cambodia Airport Investment Co., Ltd) ជាក្រុមហ៊ុនភាពជាដៃគូវិនិយោគរវាងវិស័យសាធារណៈ និងឯកជន (PPP) ក្នុងគោលបំណងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់4F បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់4Fថ្មីនេះគ្រោងនឹងចំណាយទុនវិនិយោគរហូតដល់ទៅ ១.៥០០លានដុល្លារអាមេរិក។
ក្នុងនោះទឹកប្រាក់ ១.១០០លានដុល្លារអាមេរិកជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារអាមេរិកជារបស់ក្រុម OCIC របស់លោកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ក្រុមហ៊ុន OCIC មាន ៩០% និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលកម្ពុជាមាន ១០%។
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោកឧកញ៉ា ពុង ខៀវសែ និងក្រុមហ៊ុនចិន ដែលដៃជាដៃគូវិនិយោគនោះបានចុះហត្ថលេខារួចរាល់ហើយ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន៕