ខេត្តឧត្តរមានជ័យ-ដោយៈ សុភ័ក្ត្រ
នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះមានសេចក្ដីរាយការណ៍មកថា មេឈ្មួញរកស៊ីឈើគ្រញូងដុះស្លែល្បីឈ្មោះនៅតំបន់ទិសទី៣ សមរភូមិមុខខេត្តឧត្តរមានជ័យ ឈ្មោះ ដុស និងលោកវរសេនីយ៍ រស់ ជុក ប្រធានការិយាល័យអភិវឌ្ឍន៍ នៃកងពលតូចថ្មើរជើងលេខ៤២ កំពុងដំណើរការយ៉ាងរលូន។ ដោយធ្វើសកម្មភាពគៀងគរពលករឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងប្រទេសថៃ និងប្រមូលទិញឈើគ្រញូងផ្ដាច់មុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
យោងតាមសេចក្ដីរាយការណ៍ជាបន្ដបន្ទាប់មកថា ឈ្មោះ ដុស បានបោះទីតាំងប្រមូលទិញឈើគ្រញូងនៅចំណុចបង្គោលសីម៉ាលេខ១៣។ ជាមួយគ្នានេះ លោកវរសេនីយ៍ រស់ ជុក បានដឹកជញ្ជូនបន្តមកស្តុកទុកនៅឃ្លាំងមួយកន្លែងស្ថិតក្នុងភូមិបុស្ស សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រួចដឹកជញ្ជូនបន្ដទៅលក់នៅប្រទេសវៀតណាម។
ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា
ឈ្មួញឈើគ្រញូងឈ្មោះ ដុស និងលោកវរសេនីយ៍ រស់ ជុក ប្រធានការិយាល័យអភិវឌ្ឍន៍ នៃកងពលតូចថ្មើរជើងលេខ៤២ អាចទំនងជាមានការបើកភ្លើងខៀវពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ទើបសកម្មភាពដឹកជញ្ជូនឈើគ្រញូងនេះអាចធ្វើសកម្មភាពបានយ៉ាងរលូនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
គេហទំព័រ “ពុទ្ធិខ្មែរ” មិនអាចសុំការបំភ្លឺពី លោកវរសេនីយ៍ រស់ ជុក ប្រធានការិយាល័យអភិវឌ្ឍន៍ នៃកងពលតូចថ្មើរជើងលេខ៤២ ជុំវិញករណីខាងលើ ដោយសារ ទូរស័ព្ទហៅចូលមានអ្នកទទួលរួចទុកចោលមិននិយាយ។ ចំណែក ឈ្មោះ ដុស ក៏មិនអាចធ្វើការទាក់ទងសុំការបំភ្លឺបានដែរ ដោយសារ ទូរស័ព្ទហៅចូលជាប់រវល់៕