ខេត្តព្រះសីហនុ-ដោយ: ខៀវ ប៉ូឡូ
នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំជើងគោ ស្ថិតក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯកឧត្តម ឯម សុខពៅ អនុប្រធានគណៈកម្មាធិការកណ្តាលចុះជួយឃុំជើងគោ និងជាប្រធានក្រុមការងារចុះជួយភូមិត្រពាំងមូល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ យុត្តិបុត្រ ព្រមទាំងលោកជំទាវបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំជើងគោ ចំនួន ៤៧០នាក់។
ឯកឧត្តម ឯម សុខពៅ មានមតិសំណេះសំណាលជាមួយបងប្អូនសមាជិក សមាជិកាបក្សឃុំ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយបងប្អូនដែលជាសមាជិក សមាជិកាបក្សទាំង ៤៧០នាក់ដែលមានវត្តមានក្នុងកម្មវិធី។
ឯកឧត្តម មានប្រសាសន៍បន្តថា បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា និងកើតចេញពីការបោះឆ្នោតគាំទ្រពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ ស្របគ្នាដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលប្រទេសកម្ពុជាត្រូវបានរំដោះតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ កម្ពុជាមិនត្រូវការការរំដោះអ្វីទៀតនោះទេ។
ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឯម សុខពៅ រួមនឹងក្រុមការងារបានប្រគល់អំណោយជាទូរស័ព្ទចំនួន ៥គ្រឿងដល់ក្រុមការងារបក្សឃុំ និងផ្តល់ជូនថវិកាចំពោះក្រុមការងារភូមិចំនួន៤ ក្នុងមួយភូមិថវិកាចំនួន ៤០ម៉ឺនរៀល និងជូនវត្ថុអនុស្សាវរីយ៍ដល់សមាជិក សមាជិកាទាំងអស់ដែលចូលរួម ក្នុងម្នាក់ៗទទួលបានសារុងមួយ មីមួួយកេះ និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ។