លោក ហ៊ុន សុខា ជួយ​ឧបត្ថម្ភ​ប្រេងម៉ាស៊ូត ៥០០​លីត្រ​ដល់​ប្រជាកសិករ​សង្កាត់​បារាយណ៍ ខណៈ​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​

ខេត្តតាកែវ​-​ដោយ​: សុភ័ក្ត្រ​

​នា​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ លោក ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ដូន​កែវ ខេត្តតាកែវ និង​ជា​ប្រធាន​ក្រុមការងារ​កិត្តិយស​ចុះជួយ​សង្កាត់​បារាយណ៍ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​ពិធី​សំណេះសំណាល​នេះដែរ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលក្រុង​ដូន​កែវ លោក លោកស្រី​ប្រធាន​មន្ទីរ មន្ត្រី​សាលាក្រុង ជាច្រើនរូប​។

​លោក ម៉ែន ចឹម ចៅសង្កាត់​បារាយណ៍​បាន​ឡើង​អាន​របាយការណ៍​អំពី​ការរីកចម្រើន និង​ការថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នាពេល​ខាងមុខ​នេះ​ដែល​កំពុង​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ពុំ​មាន​អ្វី​ខុស​ប្រក្រតី​នោះ​ឡើយ​។

​ប៉ុន្តែ អ្វីដែល​ប្រជាពលរដ្ឋ​កំពុង​ជួប​បញ្ហា​នោះ គឺ​ដំណាំ​ស្រូវ​របស់​ពួកគាត់​ពុំ​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព បង្កបង្កើត​ផល​នោះទេ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក ហ៊ុន សុខា បាន​មានមតិ​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ ដោយ​បាន​កោតសរសើរ​ចំពោះ​ប្រជា​ការពារ​សង្កាត់​បារាយណ៍​ដែល​ខិតខំ​ប្រឹងប្រែង​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​ក្នុង​ពេល​កន្លងមក ជាពិសេស​ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នាពេលនេះ​។​

​លោក ហ៊ុន សុខា បាន​បន្តថា “​ភាពសុខដុមរមនារ​បស់​មហា​គ្រួសារ​ខ្មែរ ពិសេស​ស្នាមញញឹម ភាពសប្បាយ​រីករាយរ​បស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ទាន​នានា​មាន​ដូច​សព្វថ្ងៃនេះ​ក៏​ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​សន្តិភាព ស្ថេរភាព​សង្គម និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមា​ន​សម្តេច​អគ្គមហាសេនា​ប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

​ឆ្លើយតប​ចំពោះ​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​ ក្នុង​ការបង្កបង្កើត​ផល​កសិកម្ម​របស់​ប្រជា​កសិករ​ក្នុង​សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ លោក ហ៊ុន សុខា បានស្នើ​ចំពោះ​លោក​ចៅសង្កាត់ ដើម្បី​រៀបចំ​ដោះស្រាយ​ជូន​ប្រជាកសិករ​ឲ្យទាន់​ពេលវេលា ព្រមទាំង​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន ១.២០០.០០០​រៀល ( មួយ​លាន​ពីរ​សែន​រៀល ) សម្រាប់​ទិញ​ប្រេងម៉ាស៊ូត ៥០០​លីត្រ​បូមទឹក​ចូល​ប្រឡាយ​ឱ្យ​ប្រជា​កសិករ​បាន​ប្រើប្រាស់ និង​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ជា​បណ្តោះអាសន្ន​។

​ក្នុង​កម្មវិធី​នេះ​ដែរ លោក ហ៊ុន សុខា រួម​នឹង​ក្រុមការងារ​ចុះជួយ​សង្កាត់​បារាយណ៍​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ១០០០០៛ ( មួយ​ម៉ឺន​រៀល )​។

​នា​ព្រឹក​ថ្ងៃ​ដដែល លោក ហ៊ុន សុខា រួម​នឹង​ក្រុម​ការងារ​ក៏​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​ក្នុង​សាលាបឋមសិក្សា​វត្ត​ត្រសក់​ផ្អែម​នឹង​បាន​នាំយក​អំណោយ​កុំព្យូទ័រ ( Computer ) ចំនួន ០១​គ្រឿង និង​ម៉ាស៊ីន​ព្រីន ( Printer ) ចំនួន ០១​គ្រឿង ប្រគល់ជូន​លោក​គ្រូ អ្នកគ្រូ តាម​ការស្នើសុំ ព្រមទាំង​ក្រមា​ចំនួន​២០ និង​ថវិកា​សម្រាប់​លោកគ្រូ អ្នកគ្រូ​ក្នុង​ម្នាក់ៗ​ចំនួន ២០០០០៛ ( ពីរ​ម៉ឺន​រៀល ) ផងដែរ​។

​លោក ហ៊ុន សុខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការបង្ហាត់​បង្រៀន និង​អប់រំ​សិស្សានុសិស្ស​នា​ពេលកន្លងមក ហើយ​លោក​បាន​លើកទឹកចិត្ត​ចំពោះ​លោកគ្រូ អ្នកគ្រូ​ឲ្យខិត​ខំ​បន្ថែមទៀត ធ្វើយ៉ាងណា​ឲ្យ​សិស្សានុសិស្ស​ទទួលបាន​ចំណេះដឹង​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការកសាង​សង្គម​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។

​លោក ហ៊ុន សុខា បាន​សន្យា​ផ្តល់​ជូន​នូវ​សៀវភៅ និង​សម្ភារៈ​សិក្សា​មួយចំនួន​ទៀត សម្រាប់​ចែកជូន​ដល់​សិស្សានុសិស្ស​នៅ​សាលា​បឋមសិក្សា​វត្ត​ត្រសក់​ផ្អែម ក្នុងពេល​បវេសនកាល​ខាងមុខនេះ ដើម្បី​ឆ្លើយតប​ក្នុង​តម្រូវការ និង​ការខ្វះខាត​របស់​សិស្សានុសិស្ស​៕

 

img20170913p1 (1) img20170913p1 (4) img20170913p1 (2) img20170913p1 (5) img20170913p1 (7) img20170913p1 (6) img20170913p1 (3)