ឯកឧត្តម ឧត្តមសេនីយ៍​  នាយករដ្ឋមន្ត្រី​ថៃ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នា​ថ្ងៃ​ទី​០៧ ខែ​កញ្ញា​ខាង​មុខ​នេះ​!!

​រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ( Prayut Chan-o-cha ) នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៧ នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​តិ្តការអន្តរជាតិ នៃ​ប្រទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៧ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ( Prayut Chan-o-cha ) នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ​នឹង​គណៈប្រតិភូ និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​បាន​ឱ្យដឹង​បន្ថែមថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​ផ្លូវការ​នេះ សម្តេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម ឧត្តមសេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នឹង​អញ្ជើញ​ធ្វើ​ជា​សហប្រធាន​កិច្ចប្រជុំ​ចង្អៀត​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ លើក​ទី​៣​។​

​ក្រោម​មូលបទ “​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​សន្តិភាព និង​វិបុលភាព​” កិច្ចប្រជុំ​ចង្អៀត​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ លើក​ទី​៣​នេះ នឹង​ផ្ដល់​មគ្គុទេសក៍ និង​ទិសដៅ​ក្នុងការ​ជម្រុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ថែម​មួយ​កម្រិត​ទៀត ដល់​ព្រះរាជាណាចក្រ​ទាំងពីរ​។

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​ចង្អៀត​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ លើក​ទី​៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ឯកឧត្តម ឧត្តមសេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន​។ បន្ទាប់ពីនោះ ភាគី​ទាំងពីរ នឹង​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ ក្រោយ​ពី​ពិធី​ចុះហត្ថលេខា​រួច​។​

​ឯកឧត្តម ឧត្តមសេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ក៏​នឹង​ជួប​សម្ដែង​ការគួរសម​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ជា​ប្រមុខរដ្ឋស្តីទី​។​

​ក្នុងឱកាស​ទស្សនកិច្ច​នេះ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​សម្ពោធ​សួន​មិត្តភាព​កម្ពុជា​-​ថៃ នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

 

img20170902p1 (1) img20170902p1 (2)