ករណី​វិវាទ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​នៅ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង និង​ខេត្ត​ព្រះវិហារ ទទួលបាន​ដំណោះស្រាយ​ហើយ​!!

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី ” ការដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ ” ក្រោម​អធិបតីភាព ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មាន​ការចូលរួម​ពី ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន តំណាង​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​។

​កិច្ចប្រជុំ​អន្តរក្រសួង​នេះ​បាន​ធ្វើឡើង​នៅ​ទីស្ដីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃ​ពុធ ៩​កើត ខែ​ភទ្របទ ឆ្នាំ​រកា ព​.​ស​. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​សីហា គ​.​ស​. ២០១៧​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ក៏​បាន​បង្ហាញ​លទ្ធផល​ជា​ផ្លែផ្កា​ដូចខាងក្រោម​÷
១-​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ទទួល​សម្របសម្រួល និង​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​ខាងលើ​នេះ​។ ក្រុមការងារ​អន្តរក្រសួង​ចំពោះ​កិច្ច​នឹង​បន្ត​ភារកិច្ច​ដដែល​។​

២-​ប្រគល់​ភារកិច្ច​ជូន​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះវិហារ សម្របសម្រួល​បំពេញ​ទម្រង់​បែបបទ និង​ធ្វើ​អត្តសញ្ញាណ​កម្ម​ប្រជាពលរដ្ឋ និង​ទីតាំង​ដី​ពាក់ព័ន្ធ​រយៈពេល ៣០​ថ្ងៃ នៅ​សាលាស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ សាលា​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង សាលា​ស្រុក​ត្បែងមានជ័យ និង​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​។​

៣-​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សូម​គោរព​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ដី​វិវាទ​មក​បំពេញ​ទម្រង់​បែបបទ​តាម​ទីតាំង​កំណត់​ខាងលើ​ចាប់ពី​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ដល់ ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ក៏បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​ក្លែងបន្លំ​ឯកសារ ឬ​ញុះញង់​បង្កបញ្ហា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។​

 

img20170831a (4) img20170831a (3) img20170831a (2) img20170831a (1)