រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះបានសម្តែងប្រតិកម្មទៅនឹងការបង្ហោះរូបលោកជាមួយនារីម្នាក់នៅលើបណ្តាញសង្គម Facebook ដោយចោទប្រកាន់ថា លោកបានរំលោភសេពសន្ថវៈនារីម្នាក់។
ចំពោះរឿងនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រួមទាំងសាមីខ្លួន ជាកូនធម៌របស់លោកដែលរងគ្រោះពីការបង្ហោះបែបនេះ បានចាត់ទុកថាការបង្ហោះបែបនេះគឺជាការមួលបង្កាច់ និងសងសឹងចំពោះការសម្រេចចុងក្រោយរបស់ក្រសួងព័ត៌មាន។
ការអះអាងរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពីមានគណនេយ្យ Page Facebook មួយឈ្មោះ Srey Chamroeun ដែលកន្លងទៅតំណាងនិស្សិត ស្រី ចំរើន អះអាងថា Page Facebook ខ្លួននេះត្រូវគេ Hack នោះបានបង្ហោះរូបរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ កៀកស្មាជាមួយនារីម្នាក់ឈ្មោះ ស៊ុន សម្រស់ ហើយសរសេរមួលបង្កាច់យ៉ាងអាក្រក់បំផុតចំពោះរូបលោក។
តាមរយៈបណ្តាញសង្គម Facebook ឯកឧត្តម ខៀវ កាញារីទ្ធ បានបកស្រាយដែលមានខ្លឹមសារដើម ដូច្នេះថា “ឃើញមានមិត្តជាច្រើនខ្វល់ខ្វាយការបង្ហោះរូបច្រើន ព្យាយាមសងសឹកការសម្រេចចុងក្រោយរបស់ក្រសួង។ សូមអគុណ ចំពោះការខ្វាយខ្វល់នេះតែសូមមិត្តទាំងអស់យល់ថា ខ្ញុំគោរពកន្លែងធ្វើការ ដែលគ្រឿងសក្ការៈទាំងអស់ជាអ្នកប្រោសព្រំខ្ញុំនិងមន្ត្រីក្រសួងទាំងមូល ហេតុនេះមិនផ្កាប់មុខរឿងតណ្ហានេះទេ។ ហើយម្យ៉ាងទៀតក៏សូមជម្រាបទៅអ្នកប្រឹងមួលបង្កាច់ដោយយករូបនារីជាសិស្សស្លូតត្រង់ម្នាក់ សូមគិតដល់បងស្រី ប្អូនស្រី ឬ ម្តាយរបស់ខ្លួនផងចុះ។ ចំពោះខ្ញុំគឺគ្មានអារម្មណ៍អីទាំងអស់ តុមូលខ្ញុំដាច់ខាតមិនក្លាយជាតុជ្រុងទេ”។
ចំណែក កញ្ញា ស៊ុន សម្រស់ ក៏បានចេញមុខច្រានចោលនូវការផ្សព្វផ្សាយមួលបង្កាច់នៅលើបណ្តាញសង្គម Facebook ខាងលើនេះដែរ។ នាងបានបកស្រាយថា រវាងនាង និងឯកឧត្តម ខៀវ កាញារីទ្ធ ដែលមានរូបស្និទ្ធស្នាលនេះគឺគាត់ជាឪពុកធម៌របស់នាង ហើយនាងចាត់ទុកគាត់ដូចជាឪពុកបង្កើត។
កញ្ញា សម្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា “នាងខ្ញុំគោរពគាត់ដូចជាឪពុកហើយលោកពុកបានជួយដល់ក្មេងជាច្រើន ដែលជួបការខ្វះខាតទាំងប្រុសទាំងស្រី មិនថាចាស់ ឬក៏ក្មេងឡើយ។ អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាកុំយល់ច្រឡំ ហើយនាងខ្ញុំសុំឱ្យលោក ស្រី ចំរើន ប្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បើយល់ថាផេក (Page Facebook) លោកត្រូវបានគេលួច”៕