រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
ករណីស្ដ្រីជនជាតិកូរ៉េម្នាក់ដែលបានបើករថយន្ដធ្លាក់ចូលក្នុងទន្លេនៅចំណុចកំពង់ចម្លងស្វាយជ្រុំ ស្ថិតក្នុងសង្កាត់ស្វាយជ្រុំ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ០៨:៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ ត្រូវបានសមត្ថកិច្ចអះអាងថា ព្រោះតែជនរងគ្រោះមិនស្រួលខ្លួនក្នុងពេលកំពុងបើកបរ។
ស្ត្រីជាជនរងគ្រោះឈ្មោះ គីម មៀងស៊ុក អាយុ ៦៧ឆ្នាំ ជនជាតិកូរ៉េ មុខរបរជាប្រធានមណ្ឌលសាសនាគ្រឹះព្រែកតាកូវ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 2Q-1165។
ប្រភពពីកូនសិស្សរបស់ស្ដ្រីរងគ្រោះ បានឲ្យដឹងថាជារៀងរាល់ថ្ងៃពុធ និងថ្ងៃអាទិត្យ ស្ត្រីរងគ្រោះតែងតែឆ្លងតាមកំពង់ចម្លងស្វាយជ្រុំ ដើម្បីទៅបង្រៀន និងផ្សព្វផ្សាយសាសនាគ្រឹះនៅព្រែកតាកូវ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយការបង្រៀននេះធ្វើឡើងរយៈពេល ៩ឆ្នាំកន្លងមកហើយ ប៉ុន្ដែ ជាអកុសលថ្ងៃនេះស្ដ្រីរងគ្រោះមិនស្រួលខ្លួនក៏បានបើករថយន្ដធ្លាក់ចូលក្នុងទឹកទន្លេតែម្ដង ពេលកំពុងរៀបចំឡើងលើសាឡាង។
ក្រោយធ្លាក់រថយន្ដចូលក្នុងទឹកទន្លេ ស្ដ្រីរងគ្រោះបានជាប់ទៅក្នុងរថយន្ដ ប៉ុន្ដែដោយសារស្ថានភាពទឹកហូរខ្លាំង កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រយៈពេលជាង ១ម៉ោង ដើម្បីជួយសង្គ្រោះ ដោយយករថយន្ដស្ទួចមកស្ទួចរថយន្ដដែលធ្លាក់ចូលក្នុងទឹកនោះឡើងមកលើគោក ប៉ុន្ដែ ជាអកុសលពេលមកដល់លើគោក ស្ដ្រីរងគ្រោះបានបាត់បង់ជីវិតទៅហើយ។
បច្ចុប្បន្នសពរបស់ស្ដ្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឲ្យកូនសិស្ស និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីសាសនាគ្រឹះ៕